បើនិយាយពីជំងឺរលាកក្រពះ ទំនងជាមានគ្នាយើងមិនតិចនាក់ទេបានដឹង ឬបានជួបបទពិសោធន៍នៃជំងឺមួយនេះ។ ចុះគ្នាយើងដឹងអត់ថាបើរលាកក្រពះរ៉ាំរៃទៅជាយ៉ាងមិញវិញ?
ជំងឺរលាកក្រពះរ៉ាំរ៉ៃ កើតឡើងដោយសារស្រទាប់កម្រាលខាងក្នុងរបស់ក្រពះមានការរលាក ហើយរោគសញ្ញា អាចជាអាការៈចុកអួលៗ ឬឈឺជាប់តែម្តង។
ប្រភេទជំងឺរលាកក្រពះរ៉ាំរ៉ៃ ឧស្សាហ៍កើតមានជាងគេ គឺបង្កដោយបាក់តេរី Helicobacter pylori។ ជំងឺនេះ នឹងបានធូរស្រាលឡើងវិញ បើសិនជាបានទទួលការព្យាបាល និងតាមដានត្រឹមត្រូវ។
បាក់តេរី ការផឹកស្រាច្រើនពេក ថ្នាំពេទ្យមួយចំនួន ស្រ្តេសជាប់រហូត ឬជំងឺប្រព័ន្ធការពារនានា សុទ្ធតែអាចបណ្ដាលរលាកក្រពះបានទាំងអស់។ ពេលក្រពះរលាក ស្រទាប់ក្រាលក្រពះ នឹងប្រែប្រួល ហើយកោសិកាការពារមួយចំនួន ក៏នឹងងាប់ផងដែរ ធ្វើឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែតជាងរាល់ដង។
១. រោគសញ្ញាជំងឺរលាកក្រពះរ៉ាំរ៉ៃមានអ្វីខ្លះ?
រោគសញ្ញាជំងឺរលាកក្រពះរ៉ាំរ៉ៃ រួមមាន៖
– ចុកពោះផ្នែកខាងលើ (ចុងដង្ហើម)
– មិនរំលាយអាហារ
– ហើមពោះ
– ចង្អោរ
– ក្អួត
– ភើ
– មិនឃ្លានអាហារ
– ស្រកទម្ងន់
២. ពេលណាត្រូវទៅជួបគ្រូពេទ្យ?
បើសិនជាគ្នាយើងមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។ ល្អបំផុត ពិភាក្សាជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម និងអាចព្យាបាលបានទាន់ពេល។
ដោយសារជំងឺនេះនឹងធ្វើឲ្យកោសិកាក្នុងក្រពះងាប់ ហើយដុះថ្មីមកវិញ តែប្តូររូបរាងមិនដូចដើមឡើយ។ នេះជាដំណាក់ត្រៀមកើតមហារីក ហើយអាចវិវត្តទៅជា ជំងឺមហារីកក្រពះ បើសិនជាមិនបានព្យាបាលត្រឹមត្រូវ។
ជាធម្មតា ជំងឺរលាកក្រពះរ៉ាំរ៉ៃ នឹងជាមកវិញ បើសិនជាព្យាបាលបានត្រឹមត្រូវ តែត្រូវតាមដានឲ្យបានជាប់លាប់៕